ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ៦ពាន់នាក់ បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៦នេះ មានជនភៀសសឹក ៦.១១២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៦១១.៨៨៩នាក់ ក្នុងនោះស្ត្រី ៣១៩.៣៨៥នាក់ និងកុមារ ១៩២.៦៣២នាក់។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយក្រសួងមហាផ្ទៃ។

បើតាម ក្រសួងមហាផ្ទៃ, គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ វីរយុទ្ធជនកម្ពុជា និង យោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃកម្ពុជា បានប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការអនុវត្តបទ ឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ»។

ក្រសួង បន្ដថា ផ្ទុយទៅវិញ គឺជាការតម្កល់ឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនជាអាទិភាព តាមរយៈការប្រកាន់ខ្ជាប់ ភាពចាស់ទុំផ្នែកនយោបាយ ក្នុងមាគ៌ាសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ៕

To Top