ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង ២ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់ជាង ១ពាន់នាក់ និងអ្នករបួសជាង ៣ពាន់នាក់
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា មានចំនួន ២.២៥៦លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១.៤១០នាក់ និងអ្នករបួសចំនួន ៣.០២៥នាក់។
ការឱ្យដឹងរបស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើឡើងក្នុងកម្មវិធីបូកសរុបភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
អគ្គស្នងការរង បានគូសបញ្ជាក់ថា «ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ចំនួន ២.២៥៦លើក ធៀបឆ្នាំ២០២៤ ចំនួន ៣.០១៦លើក ថយចុះ ២៥% , អ្នកស្លាប់ចំនួន ១.៤១០នាក់ ធៀបឆ្នាំ២០២៤ ចំនួន ១.៥៩១នាក់ ថយចុះ ២៥% , អ្នករបួសចំនួន ៣.០២៥នាក់ ធៀបឆ្នាំ២០២៤ ចំនួន ៤.០៤៦នាក់ ថយចុះ ២៥%»។
អគ្គស្នងការរង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់ ៥៨% អ្នកស្លាប់ (៦១៣នាក់) ស្មើ ៥៨% នៃអ្នកស្លាប់រួម ក្នុងនោះ អ្នកធ្វើដំណើរដោយម៉ូតូប្រមាណ ៦៣%។
ក្រៅពីនេះ សមត្ថកិច្ច បានបំពេញការងារជាច្រើនទៀត ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ប្រតិបត្តិការរួមទាំងការផ្សព្វផ្សាយអប់រំជាសាធារណៈ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ការបង្កើនការ យល់ដឹងអំពីច្បាប់ បច្ចេកទេស គោលការណ៍ វិធានការក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី «ចរាចរណ៍ ផ្លូវគោក»៕
