ព័ត៌មានជាតិ

គ្រប់៣ថ្ងៃ នៃការអនុវត្ត បទឈប់បាញ់ពេញលេញ សភាពការណ៍ នៅព្រំដែន មានលក្ខណៈស្ងប់ស្ងាត់ល្អ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥គឺជាថ្ងៃឱសថវាទគ្រប់៧២ម៉ោង ឬស្មើ៣ថ្ងៃហើយ នៃការអនុវត្តបទឈប់បាញ់ ពេញលេញរវាងកម្ពុជា-ថៃ ប៉ុន្តែស្ថានការណ៍ នៅបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ពុំមានបញ្ហាអ្វីកើតឡើងនោះទេ ។

លោកស្រីបញ្ជាក់ថា “គិតមកដល់ម៉ោង៨ព្រឹកថ្ងៃ៣០ ធ្នូនេះ ស្ថានការណ៍នៅជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ ។ ប៉ុន្តែកងកម្លាំង របស់យើងនៅតែបន្តតាមដាន ដោយសា្មរតីប្រុងប្រយ័ត្នខ្ពស់” ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) រវាង កម្ពុជា-ថៃ នៅច្រកអន្តរជាតិ ព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹង ខេត្តចន្ទបុរី ប្រទេសថៃ ភាគីកម្ពុជា-ថៃ បានព្រមព្រៀងគ្នា អនុវត្តបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល៧២ម៉ោង យោធិនកម្ពុជា១៨រូប នឹងត្រូវដោះលែង ត្រឡប់មកកម្ពុជាវិញ ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ដែលបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

To Top