ព័ត៌មានជាតិ

អាជ្ញាធរមីន អំពាវនាវដល់ពលរដ្ឋ កុំចូលតំបន់ណា សង្ស័យបន្សល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម

ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាជ្ញាធរមីនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចូលតំបន់ណាសង្ស័យ បន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរសិន។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវគ្រោះថ្នាក់ដោយសារគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាជ្ញាធរមីន គូសបញ្ជាក់ថា «សូមអំពាវនាវ សូមកុំចូលតំបន់ណា ដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាល»។

អាជ្ញាធរមីន បន្ដថា នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖ 012 800 473, 011 38 39 37, 097 489 5600, 066 612 613, 063 96 34 99៕

To Top