ព័ត៌មានជាតិ

ចិន ត្រៀមខ្លួនផ្តល់ជំនួយចាំបាច់ ដល់កម្ពុជា និងថៃ សម្រាប់ការដោះមីនមនុស្សធម៌

ភ្នំពេញ​៖ ប្រទេសចិន បានបង្ហាញពីការត្រៀមខ្លួន ក្នុងការផ្តល់ជំនួយ ចាំបាច់ដល់កម្ពុជានិងថៃ ក្នុងការជំរុញ់ការដោះមីនមនុស្សធម៌ តាមរយៈក្រុមការងារចម្រុះសម្របសម្រួល (JCTF) ការដោះមីន, ផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹក នៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ និងផ្ដល់ការគាំទ្រជាសារវន្ត ដើម្បីធានាដល់ដំណើរការ ប្រកបដោយប្រសិទ្ធភាពរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពី ស្ដីអំពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។

នៅក្នុងកិច្ចប្រជុំត្រីភាគី នៃរដ្ឋមន្ត្រីការបរទេសនិងមន្ត្រីយោធាជាន់ខ្ពស់នៃ កម្ពុជាចិននិងថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងបី បានគូសបញ្ជាក់ថា អាទិភាពជាបន្ទាន់ គឺការធានាឱ្យបានរឹងមាំ នូវបទឈប់បាញ់ និងការធានា នូវការអនុវត្ត ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ភាគីចិនបានសម្ដែងការគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ កម្ពុជានិងថៃ ថានឹងខិតខំប្រឹងប្រែង ជាអតិបរិមា ក្នុងគោលដៅធានាបទឈប់បាញឱ្យបានគ្រប់ ជ្រុងជ្រោយនិងខ្ជាប់ខ្ជួន សំដៅឈានទៅ សន្តិភាពចីរកាល។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំ ពិសេសគណៈកម្មាធិការព្រំដែនទូទៅលើកទី៣ បម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាន និងយូរ អង្វែង របស់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងបី គាំទ្រដល់ការងារ របស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ស្របតាមសេចក្តីថ្លែងការណ៍ រួមនៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅលើកទី៣។

កិច្ចប្រជុំបានសង្កត់ធ្ងន់ដល់កិច្ចខិតខំប្រឹង ប្រែងដើម្បីជួយសម្រួលដល់ការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ និងការស្តារជីវភាពរស់នៅ នៅតាម តំបន់ព្រំដែន ដែលរងផលប៉ះពាល់។

ប្រទេសទាំងបីក៏បានព្រមព្រៀងគ្នាក្នុងការចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន មានដូចជាឧក្រិដ្ឋកម្មតាមបណ្ដាញទូរគមនាគមន៍ និងការបោក ប្រាស់តាមបច្ចេកវិទ្យា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។

ភាគីទាំងបី បានបញ្ជាក់ជាថ្មី នូវការទទួលខុសត្រូវរួមរបស់ខ្លួន ក្នុងការការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ដោយកម្ពុជា និងថៃ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី នឹងធ្វើកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

ភាគីចិនក៏បានអះអាង សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តសម្របសម្រួលការកសាងទំនុកចិត្ត និងសន្តិភាពចីរកាល ធម្មនុញ្ញអាស៊ាន ជាមួយនឹងគោលដៅកសាងសហគមន៍ ដែលមានអនាគតរួមគ្នា ក្នុងចំណោមប្រទេសជិតខាង៕

To Top