ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ១ពាន់នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១.៣៨០នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបចំនួន ៥៩៥.៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០.៨៤៤នាក់ និងកុមារ១៨៧.២៩២នាក់ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងមហាផ្ទៃ , វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការអនុវត្តបទ ឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ»។
ផ្ទុយទៅវិញ គឺជាការតម្កល់ឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនជាអាទិភាព តាមរយៈការប្រកាន់ខ្ជាប់ ភាពចាស់ទុំផ្នែកនយោបាយ ក្នុងមាគ៌ាសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ៕
