ព័ត៌មានជាតិ

ជនភៀសសឹកជាង ២ម៉ឺននាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ហើយនៅសល់ជនភៀសសឹកជាង ៥៧ម៉ឺននាក់ទៀត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ២០.១៦២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៤.៣៨៣នាក់។

នេះបើយោងតាមចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាម ក្រសួងមហាផ្ទៃ, វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការអនុវត្តបទ ឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ»។

ផ្ទុយទៅវិញ គឺជាការតម្កល់ឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនជាអាទិភាព តាមរយៈការប្រកាន់ខ្ជាប់ ភាពចាស់ទុំផ្នែកនយោបាយ ក្នុងមាគ៌ាសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ៕

To Top