ព័ត៌មានជាតិ

Panda Pack ឆ្នាំ២០២៦ បន្តសន្យាដល់សិស្ស ជនបទនៅកម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយ នាយកដ្ឋានផែនការ​ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងារ របស់ខ្លួន ក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការ និងសម្របសម្រួលពីវេទិកា សម្ព័ន្ធសង្គម ស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ចាង សិនយៀក (Zhang Shenyue) ទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ CFRD បានផ្តល់អំណោយកាតាប ចំនួន២១៦០០ (ម្ភៃមួយពាន់ ប្រាំមួយរយ)កញ្ចប់ ដែលបាននាំឱ្យកាតាបសរុប ផ្តល់មកកម្ពុជាចាប់ពីឆ្នាំ២០១៨ មានចំនួនសរុប២០៣ ៩០០ (ពីររយបីពាន់ ប្រាំបួនរយ)កញ្ចប់ ដោយកញ្ចប់ផែនដា ត្រូវបានគាំទ្រ​ ដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកា សប្បុរសធម៌ របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗ មានសម្ភារៈសិក្សា និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំង ពីលក្ខណៈវប្បធម៌ របស់ប្រទេសចិន និងកម្ពុជា ។ វាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំង ដល់ការផ្លាស់ប្តូរប្រជាជន ទៅប្រជាជន រវាងប្រទេសចិន និងកម្ពុជា។

លោក ឆិន អ៊ីស៊ាន (Chen Yixian) ទទួលខុសត្រូវ អនុវត្តគម្រោងកង់ បានរំលេចថា កង់ដែលត្រូវបានបរិច្ចាគ មកប្រទេសកម្ពុជា គឺជាអំណោយ របស់ក្រុមហ៊ុន Hello Bike ដោយមានមូលនិធិសប្បុរសធម៌ COSCO Shipping ជាអ្នកទទួលខុសត្រូវលើការ ដឹកជញ្ជូន ឆ្លងកាត់ព្រំដែន។ អំណោយកង់នេះគឺ ជាការបញ្ចូលគ្នា នៃសេចក្តីស្រឡាញ់ ពីពហុភាគី ដែលធានាថា កុមារអាចជិះ កង់បានឆាប់ តាមដែលអាចធ្វើទៅបាន ដោយកាត់បន្ថយពេលវេលា របស់ខ្លួនក្នុងការ ធ្វើដំណើរទៅសាលារៀន ។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានអំណោយ កង់ចំនួន២៥០០(ពីរពាន់ប្រាំរយ)គ្រឿង ហើយគិតចាប់ពីឆ្នាំ២០២៣មក ចំនួនកង់សរុបគឺ ៧ ៥២៤(ប្រាំពីរពាន់ប្រាំរយម្ភៃបួន) គ្រឿង។

លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិ សម្រាប់ការអភិវឌ្ឍ នៃCFRD បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធ សង្គមស៊ីវិល ហើយលោកបានចាត់ទុកវេទិកា សម្ព័ន្ធសង្គមស៊ីវិលជាដៃគូដ៏ជិតស្និទ្ធ និងទុកចិត្តបំផុតក្នុងការអនុវត្តគម្រោង Panda Pack ហើយកិច្ចសហការនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកសម្ភារៈនោះទេ ថែមទាំងជាការវិនិយោគយូរអង្វែង លើសមត្ថភាពសិស្សនៅជនបទ ។

លោកបានបន្ថែមថា គម្រោង Panda Pack ឆ្នាំ២០២៦ នឹង ក្លាយជាក្តីរំពឹង ទន្ទឹងរង់ចាំ របស់សិស្សានុសិស្សកម្ពុជា នៅជនបទ ហើយក៏ជាក្តីសង្ឃឹម សម្រាប់សិស្សានុសិស្សនៅជនបទ ។ លោកបានផ្តល់ទឡ្ហីករណ៍ ពីកិច្ចសម្ភាសន៍ ជាមួយសិស្សានុសិស្សកម្ពុជា ជាច្រើនរូប ដែលទទួលបានអំណោយនេះ ពោរពេញដោយក្តីសង្ឃឹម ចំពោះអនាគត នៃការសិក្សារបស់ខ្លួន និងបន្ថែមនូវស្នាម ញញឹមពោរពេញ ដោយក្តីសុបិនដែលខ្លួន នឹងក្លាយជាសសរទ្រូង ដ៏រឹងមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា តាមមាគ៌ាទំនើបកម្មស្រប តាមយុគសម័យឌីជីថល៕

To Top