ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា ការរំសាយអាវុធ របស់ក្រុមហាម៉ាស់ គឺជាគន្លឹះនៃដំណាក់កាលទី ២ នៃផែនការសន្តិភាពហ្គាហ្សា

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងព្យាយាម ចាប់ផ្តើមដំណាក់កាលទីពីរ នៃផែនការសន្តិភាពហ្គាហ្សាយ៉ាងឆាប់រហ័ស ដោយគូសបញ្ជាក់ថា ការរំសាយអាវុធរបស់ក្រុមហាម៉ាស់ នឹងក្លាយជាលក្ខខណ្ឌសំខាន់មួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ខណៈពេលកំពុងស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងមកទស្សនកិច្ចនៅឯវិមានអចលនទ្រព្យ Mar-a-Lago របស់លោកនៅ Palm Beach រដ្ឋ Florida ថា “យ៉ាងឆាប់រហ័ស តាមដែលយើងអាចធ្វើបាន ប៉ុន្តែត្រូវតែមានការរំសាយអាវុធ”។

នៅពេលសួរថា តើពេលណាការកសាងឡើងវិញ នៅតំបន់ហ្គាហ្សាអាចចាប់ផ្តើម ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា វានឹង “ចាប់ផ្តើមឆាប់ៗនេះ” ។ ដំណាក់កាលទីពីរនៃផែនការសន្តិភាពហ្គាហ្សា ស្រមៃមើលការដកទ័ពរបស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាទាំងស្រុង ការរំសាយអាវុធរបស់ក្រុមហាម៉ាស់ ការចាប់ផ្តើមនៃការកសាងឡើងវិញ និងការបង្កើតស្ថាប័នគ្រប់គ្រងអន្តរកាលនៅតំបន់ហ្គាហ្សា។

អាជ្ញាធរសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមប៉ាឡេស្ទីនបានកើនឡើងដល់ ៧១.២៦៦នាក់ ដោយមានអ្នករងរបួស ១៧១.២១៩នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ ប្រភពបានបន្ថែមថា ជនជាតិប៉ាឡេស្ទីនចំនួន ៤១៤នាក់ត្រូវបានសម្លាប់ និង ១.១៤២នាក់រងរបួស ចាប់តាំងពីបទឈប់បាញ់ចុងក្រោយបង្អស់ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top