ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមវាយប្រហារជាថ្មីលើអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ ព្យាយាមបំពាក់អាវុធឡើងវិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមបំពាក់អាវុធឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ខណៈពេលកំពុងស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរដ្ឋ Florida ថា “ឥឡូវនេះ ខ្ញុំឮថា អ៊ីរ៉ង់ កំពុងព្យាយាមពង្រឹងអាវុធឡើងវិញ ហើយប្រសិនបើពួកគេកំពុងពង្រឹងអាវុធ យើងនឹងត្រូវផ្តួលរំលំពួកគេ”។

លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងផ្តួលរំលំពួកគេ” ដោយបន្ថែមថា ការធ្វើ “កិច្ចព្រមព្រៀង” គឺ “ឆ្លាតជាង” សម្រាប់អ៊ីរ៉ង់។ កាលពីដើមខែនេះ NBC News បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ លោក ណេតាន់យ៉ាហ៊ូ នឹងព្យាយាមបញ្ចុះបញ្ចូលលោក ត្រាំ ថា “ការពង្រីកកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បង្កការគំរាមកំហែង ដែលអាចត្រូវការសកម្មភាពយ៉ាងឆាប់រហ័ស”។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងកាលពីសប្តាហ៍មុនថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើងដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស ហើយ “មិនអាចចរចាបាន” នោះឡើយ។

គួរបញ្ជាក់នៅថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដោយមិននឹកស្មាន ដល់លើតំបន់ជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល ។ នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់ គ្រាប់បែកលើរោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់ ចំនួនបីគឺ Natanz, Fordow និង Isfahan។៕
ប្រែសម្រួល ឈូក បូរ៉ា

To Top