ព័ត៌មានជាតិ

សម្តេចតេជោ ៖ ប្រជាជាតិបានរួមគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារទឹកដី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលមានស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងពេលកម្ពុជាទទួលរងការឈ្លានពាន ដោយកងទ័ពថៃ។ 

យោងតាមសារលិខិតទូលថ្វាយព្រះរាជពរ ថ្វាយព្រះពរ ប្រគេន និងជូនពរប្រជាជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានពីសំណាក់ប្រជាជាតិកម្ពុជាទាំងមូល ដល់វីរកងទ័ពជួរមុខ ជនរងគ្រោះ និងប្រជាជនភៀសសឹកកម្ពុជា គឺជាមោទនភាពជាតិខ្មែរ និងគុណធម៌ដ៏ប្រសើរ។ ការណ៍នេះ បានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ទោះបីជាកំពុងស្ថិត ក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏ជនរួមជាតិកម្ពុជាទាំងអស់នៅតែរួមសុខទុក្ខជាមួយគ្នា ក្នុងនាមជាប្រជាជាតិតែមួយ។ 

ដើម្បីព្រះរាជាណាចក្រកម្ពុជា អាចការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ព្រមទាំងស្តារនិងថែរក្សា ការពារសន្តិភាពជាមួយប្រទេសថៃ និងសន្តិភាពផ្ទៃក្នុងប្រទេសឱ្យបានគង់វង្សយូរអង្វែង និងជំរុញការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្តេចតេជោលើកទឹកចិត្តប្រជាជាតិកម្ពុជាទាំងមូល បន្តស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ។

សម្តេចប្រធានព្រឹទ្ធសភាក៏បានស្នើជនរួមជាតិបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ពដែលបានខិតខំប្រឹងប្រែងលះបង់ជាទីបំផុត ក្នុងការដឹកនាំ និងការពារជាតិមាតុភូមិដែលជាមរតកដូនតាខ្មែរ ព្រមទាំងប្រជាពលរដ្ឋឱ្យបន្តរស់នៅប្រកបដោយ សុខសុវត្ថិភាព៕

To Top