ក្រសួងធនធានទឹក អំពាវនាវ ពលរដ្ឋប្រើទឹក សន្សំសំចៃ
ភ្នំពេញ ៖ ក្រសួងធនធានទឹក បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួម ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ពិសេសអ្នកនៅឆ្ងាយ ពីប្រភពទឹក និងប្រុងប្រយ័ត្នផ្គររន្ទះ ខ្យល់កន្ត្រាក់ផងដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ការអំពាវនាវឱ្យសន្សំសំចៃទឹកនេះ ដោយសារក្រសួងបានធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុឃើញថា ក្នុងរដូវប្រាំងឆ្នាំ២០២៦ ដោយផ្អែកទៅលើបាតុភូត សកល និងស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ គឺបាតុភូតឡានីញ៉ា (La Niña) នឹងបន្តរហូតដល់ខែកុម្ភៈក្នុងកម្រិត៥០% និងជំនួសមកវិញនូវបាតុភូត អែនសូអព្យាក្រឹត (ENSO-Neutral) ដែលកើនឡើងដល់៩០% នៅខែមេសា និង៨០% នៅក្នុងខែឧសភា ឆ្នាំ២០២៦ ។ ដោយឡែក បាតុភូតអោយអូនី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral)។
ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យរដូវប្រាំង មានសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាប ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពេលយប់ ចាប់ពីខែមករា ដល់ដើមខែកុម្ភៈ តំបន់ខ្ពង់រាបដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ សីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងមធ្យមអតិបរមា៣០អង្សាសេ។
ចំពោះបរិមាណទឹកភ្លៀងវិញនៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំដងរែក ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ ទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែអាចចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែមីនា ដែលមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៥ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។
សម្រាប់ដើមរដូវវស្សា អាចនឹងចាប់ផ្តើមក្នុងសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។ ក្នុងនោះសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ , បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណភ្លៀងធ្លាក់មានពីមធ្យម ទៅច្រើនជាមួយនឹងរបាយទឹកភ្លៀង ធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានឡើងច្រើន។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ ។
ដូច្នេះយោងលើការព្យាករនេះ ក្រសួងអំពាវនាវសាធារណជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ជាពិសេសតំបន់ជនបទស្ថិតនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាព អាកាសធាតុដែលមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើនក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា៕
