កម្ពុជា ទាមទារឱ្យថៃ ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់
ភ្នំពេញ ៖ ក្រោយសភាពការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់បានស្ងប់ស្ងាត់បន្តិច ក្រោយពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កម្ពុជា បានទាមទារឱ្យភាគីថៃ ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។

តាមរយៈសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំនុនទី៩ បានឱ្យដឹងថា កម្ពុជា បានទាមទារឱ្យប្រទេសថៃ៖
ក.បញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពយោធា ប្រកបដោយអរិភាព នៅតាមបណ្ដោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដី របស់កម្ពុជា។
ខ.ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់ ។
គ.គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតី នៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា នៅទីក្រុង គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់ និងការសម្រួលសម្រួលជាច្រើនពីប្រទេសជាមិត្ត ដូចជា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្រុមយោធាថៃ បានបន្តរាយលួសបន្លា ហ៊ុំព័ទ្ធ និងវាយកម្ទេចផ្ទះប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតាមមូលដ្ឋានមួយចំនួន ដូចជាភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន និងតំបន់ថ្មដា នៃខេត្តពោធិ៍សាត់ផងដែរ៕

