ព័ត៌មានជាតិ

ក្រសួងការបរទេស ៖ ការកាន់កាប់ទឹកដីកម្ពុជា ដោយកងទ័ពថៃ ក្រោយបទឈប់បាញ់ គឺជាការរំលោភយ៉ាងជាក់ច្បាស់

ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការកាន់កាប់ទឹកដីកម្ពុជា ដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិល ភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ ទៅលំនៅដ្ឋាន របស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។

ច្បាប់ទាំងនោះ រួមទាំង ៖ មាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះ ស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំង ប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត ។ មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើ ដែលពុំមានហេតុផល យោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់កំពុងនៅជាធរមាន។ មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។

ក្រសួងបន្ថែមថា វាជាការសំខាន់ ដែលត្រូវគូសបញ្ជាក់ថា កម្ពុជានិងថៃ មានព្រំដែនគោកអន្តរជាតិ ដែល ត្រូវបានកំណត់តាមផែនទី ដែលត្រូវបាន ផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនកម្ពុជានិងថៃ ត្រូវបានបង្កើតឡើង ដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែន រវាងបង្គោលព្រំដែនដែលបានបោះរួចហើយ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនគោកខាងកម្ពុជា ក៏បានធ្វើការតវ៉ា ជាលាយលក្ខណ៍អក្សរ ជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំង នឹងការរំលោភបំពានរបស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិ របស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតី នៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

រាជរដ្ឋាភិបាលកម្ពុជា សូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្ដែងដោយ កងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺ ហួសពីខ្សែបន្ទាត់ព្រំដែន តាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋាន ទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និង ការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជា មូលដ្ឋាននិងមិនអាចបដិសេធ បាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ ការកាន់កាប់យកទឹកដីដោយបើ ប្រាស់កម្លាំង ។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅ នឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្ដើមយកទឹកដី ដោយប្រើប្រាស់កម្លាំង ។ ការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើត ចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ ណាមួយបានឡើយ ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពរបស់កងកម្លាំង ប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្ដេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយ វិវាទដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែល ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាង ខ្ជាប់ខ្ជួនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។

ក្រសួងបន្តថា ការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះពីវឌ្ឍនភាព ដែលសម្រេចបាន ដោយគណៈកម្មការចម្រុះ ខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែនត្រង់ បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមា ព្រំដែនដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាព មានការឈរជើង ជាក់ស្ដែងរួចជាស្រេចហើយ ។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករ ចំពោះការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះព្រំដែន ជាមួយប្រទេស ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្ដេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់
កម្លាំងនោះឡើយ ។

កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិ នឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះ ព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មានស្រាប់៕

To Top