ក្រសួងការបរទេស បង្ហាញពីតំបន់ ដែលយោធាថៃ ចូលទន្ទ្រាន កាន់កាប់ ដោយខុសច្បាប់ ក្នុងទឹកដីកម្ពុជា
ភ្នំពេញេ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការយោធា ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និងជាប្រព័ន្ធលើទីតាំងជាច្រើន តាមបណ្ដោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រានកាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែង លើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន។

តំបន់ក្នុងខេត្តទាំង៤រួមមាន៖
១/ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន
២/ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)
៣/ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
4/ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្លេស។

ករណីនេះ កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍១១ចំណុច តវ៉ាចំពោះការរំលោភបំពានរបស់ថៃនេះ ដោយក្នុងនោះ កម្ពុជាបានទាមទារឱ្យភាគីថៃ ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់៕

