រដ្ឋមន្ត្រី ហេង សួរ នាំយកអំណោយសប្បុរសជននានា ប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការ
តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកអំណោយ របស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យជាថ្មីម្តងទៀត ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង និងផ្តល់ជូនកងទ័ព ។

អំណោយដែលបានយកប្រគល់ជូននាពេលនេះ មានដូចជា៖ ថវិកាចំនួន ២០លានរៀល, ម៉ូតូ(Wave)ចំនួន ២គ្រឿង, អំបុកចំនួន ៣តោន, សាច់ក្រកចំនួន ៣០០គីឡូក្រាម, ត្រីងៀតចំនួន ៨០០គីឡូក្រាម, ភេសជ្ជៈវីកូឡាចំនួន ១ ០០០កេស និងគ្រឿងឧបភោគបរិភោគជាច្រើនមុខផ្សេងទៀត។
ដោយឡែកអំណោយ ដែលត្រូវផ្តល់ជូនកងទ័ពប្រចាំទិសខេត្តបន្ទាយមានជ័យរួមមាន៖ ថវិកាចំនួន ១៣០លានរៀល(សម្រាប់អង្គភាពចំនួន ១៣) និងម៉ូតូ(Wave)ចំនួន ១៣គ្រឿងជាដើម។ បន្ថែមពីនេះ ក៏មានអំណោយសម្រាប់ប្រគល់ជូន នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀងផងដែរ។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបានជួយដោះស្រាយទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកទៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។

ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នា ជួយនាពេលនេះគឺ ជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាត ទាំងឡាយនៅចំពោះមុខ ដែលរដ្ឋបាលខេត្តមានតម្រូវការជាច្រើន យកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីស្មារតីគាំទ្រ និងការជឿជាក់យ៉ាងមោះមុតរបស់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងនិយោជកនៅទូទាំងប្រទេស លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ឱ្យបានសុខសន្តិភាព ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការតស៊ូអត់ធ្មត់ និង ការខិតខំយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ដែលកំពុងមានភារកិច្ចក្នុងការថែរក្សា ជនភៀសសឹកនាពេលនេះ គឺជាកម្លាំងដ៏រឹងមាំក្នុងការជួយបង្កើនទឹកចិត្ត និងរក្សាក្តីសង្ឃឹមនៅជាប់ជាមួយបងប្អូនជានិច្ច ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ដែលធ្វើឱ្យបងប្អូនភៀសសឹក មិនមានអារម្មណ៍ឯកោឡើយ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត លោក ឌិត ទីណា និងលោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននាំមកជាអំណោយនាពេលនេះ។ លោកបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព៕
