ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ គោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់ និងរងរបួសឡើយ

សៀមរាប ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា គោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់ និងរងរបួសឡើយ។

ការថ្លែងឱ្យដឹងរបស់ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នាឱកាសអញ្ជើញចូលរួមជាមួយ លោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។

លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់ អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងកម្ពុជា និងចិន ហើយប្រទេសចិន នឹងបន្តឈរជាមួយកម្ពុជា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង ប្រទេសចិនបានសម្របសម្រួល ឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ។

លោក FAN Manjiang បញ្ជាក់ទៀតថា ការគាំទ្រសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយ នៃការយកចិត្តទុកដាក់របស់ចិនមកលើកម្ពុជា ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជា ទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែង ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដើម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ លោក បញ្ជាក់ទៀតថា «គោលដៅរបស់សម្តេចធិបតី គឺមិនចង់អោយមានសង្រ្គាម និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ»។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ៕

To Top