ព័ត៌មានជាតិ

ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីគម្រោងវិនិយោគ ៦៣០ ក្នុងទំហំទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូ វបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) ក្នុងឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា គម្រោងវិនិយោគដែលមានទីតាំស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។

ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែល គ.វ.ក. នៃ ក.អ.ក.បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក។

សមិទ្ធផលនេះជា ការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ គ.វ.ក. នៃ ក.អ.ក.បានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ៕

To Top