ព័ត៌មានជាតិ

លោក ឃួង ស្រេង តែងតែពិនិត្យការរៀបចំ និងទុកដាក់អំណោយ របស់សប្បុរសជន ដែលឱ្យមករដ្ឋបាលរាជធានីភ្នំពេញ ចែកជូនបន្តដល់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញ ពិនិត្យមើលទីតាំង ប្រគល់និងទទួលអំណោយ ព្រមទាំងពិនិត្យអំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក។

គិតមកដល់ថ្ងៃនេះ សប្បុរសជននៅតែបន្តនាំយក ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្ត ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួន ត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយនិងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះលែង បញ្ជូនមកដល់កម្ពុជា ដោយសុវត្ថិភាពវិញក៏ដោយ។

តួរយ៉ាងនៅថ្ងៃទី៥នេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយ ពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត ខណៈអំណោយមានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែមានសប្បុរជន យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាបន្តបន្ទាប់មិនដាច់ ។

ក្នុងការទទួលអំណោយនេះ លោក ហួត ហៃ អភិបាលរង តំណាង លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top