ព័ត៌មានជាតិ

កម្ពុជា ដាក់ពាក្យបណ្តឹង​ ទៅអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការ ចំពោះការកាន់កាប់ ទ្រព្យសម្បត្តិឯកជន របស់ពលរដ្ឋកម្ពុជា ដោយយោធាថៃ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា បង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញ ដោយបង្ខំពីកងកម្លាំងយោធាថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃ បានបន្តប្រើប្រាស់ កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌។

ទាហានថៃ បានគាស់ និងលុកលុយទន្ទ្រានចូលក្នុងលំនៅឋានប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ដូចជា ម៉ូតូ គោយន្ត និងសម្ភារៈផ្សេងៗទៀត នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់មួយចំនួនទៀត នៅ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលស្ថិតក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ទង្វើឈ្លានពានទាំងនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារាប់រយពាន់គ្រួសារត្រូវបង្ខំចិត្តចាកចេញ ពីលំនៅឋាន បាត់បង់ដីធ្លី និងទ្រព្យសម្បត្តិ ដោយពួកគេរស់ នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង និងរងនូវ ការបណ្តេញចេញ ពីទីលំនៅឋានដោយបង្ខំ ដែលផ្ទុយទាំងស្រុងនឹង សេចក្តីថ្លែងការណ៍ កិច្ចព្រមព្រៀង និង កាតព្វកិច្ចអន្តរជាតិ នានារបស់រដ្ឋភាគី ស្តីពីការការពារសិទ្ធិមានលំនៅឋានសមរម្យ ព្រមទាំងសិទ្ធិកាន់កាប់ ទ្រព្យសម្បត្តិឯកជន។

ដោយមានការណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គ.ស.ម.ក. បានដាក់ពាក្យបណ្តឹងប្តឹង ទៅកាន់ ឧត្តមស្នងការ នៃការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លើករណី ដូចបានរៀបរាប់ខាងលើ៕

To Top