ក្រសួងមហាផ្ទៃ ៖ មានជនភៀសសឹកជាង ៣ម៉ឺននាក់ទៀត បន្តវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៣៧.៤២៣នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មាននៅ ២០៤.៨៤៤នាក់ទៀត បន្តស្នាក់នៅជំរំ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៤ ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ជារួមមកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្រសួង ក៏កំពុងយកចិត្តទុក ដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំ ដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញ នូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់ សហការឱ្យបានជិតស្និទ្ធ ជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅ ក្នុងខេត្តជាប់ព្រំដែន៕
