កងកម្លាំងកម្ពុជា២នាក់របួសធ្ងន់-ស្រាល ពេលកំពុងរៀបចំ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រមុំបី
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា កងកម្លាំងកម្ពុជា២នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងពេលកំពុងរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ មករា នេះ ។

លោកស្រីបានឲ្យដឹងបន្តថា នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជា បានធ្វើការរៀបចំសណ្តាប់ធ្នាប់ និង របៀបរៀបរយ នៅមូលដ្ឋានឈរជើង របស់ខ្លួន ក្នុងដែនអធិបតេយ្យ របស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាល ឱ្យកងកម្លាំងកម្ពុជា ដែលកំពុងបំពេញការងារ នៅទីនោះរងរបួសធ្ងន់និងស្រាល ចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរួចហើយ។
លោកស្រីថា ក្នុងករណីខាងលើនេះ ក្រុមការងារ សម្របសម្រួល រវាងភាគីកម្ពុជា-ថៃ បាននឹងកំពុងធ្វើការរួមគ្នា ក្នុងករណីខាងលើនេះ ។ ក្នុងនោះក្រុមទំនាក់ទំនង នៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នា រួចហើយអំពីបញ្ហានេះ។
ក្រសួងការពារជាតិគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតី នៃការដោះស្រាយបញ្ហា ដោយសន្តិវិធីផ្អែក លើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និង ខ្ជាប់ខ្ជួននូវលក្ខខណ្ឌ នៃបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
