លោកប៉ែន បូណា ៖ ជនភៀសសឹកត្រឡប់ ទៅលំនៅឋានវិញ ជាលទ្ធផលល្អ ក្រោមការជួយ របស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការវិលត្រឡប់ ទៅកាន់លំនៅឋានរៀងៗ ខ្លួនរបស់ប្រជាពលរដ្ឋជាជនភៀសសឹកកម្ពុជា គឺជាលទ្ធផលដ៏ល្អប្រសើរមួយ ដែលស្ថិតនៅក្រោមការជួយជ្រោមជ្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា មានប្រសាសន៍ថា ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ ជាជនភៀសសឹកទៅកាន់លំនៅឋានវិញ គឺជាលទ្ធផលដ៏ល្អមួយ ក្នុងចំណោមលទ្ធផលផ្សេងៗទៀត ។
លោកបញ្ជាក់ថា “ការវិលត្រឡប់ទៅវិញ របស់ជនភៀសសឹកកម្ពុជានេះ គឺស្ថិតនៅក្រោមការជួយជ្រោមជ្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធទាំងឡាយ”។

ប្រធានអង្គភាពអ្នកនាំពាក្យបន្តថា គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មានជន ភៀសសឹកបានត្រឡប់ ទៅកាន់លំនៅ ឋានវិញជាង៤០ម៉ឺននាក់ ។ ដូច្នេះជនភៀសសឹកនៅសេសសល់ ក្នុងជំរំមានប្រហែលជាង ២០ម៉ឺននាក់ទៀតប៉ុណ្ណោះ ក្នុងចំណោមជនភៀសសឹកជាង៦៤ម៉ឺននាក់ ។
ចំពោះជនភៀសសឹកដែលនៅសល់ជាង ២០ម៉ឺននាក់នោះ លោកប៉ែន បូណា អះអាងថា អាជ្ញាធរមូលដ្ឋានកំពុងខិតខំ ជួយអន្តរាគមន៍ ដើម្បីឲ្យពួកគាត់បានវិលទៅកាន់លំនៅឋានវិញ ឆាប់ៗក្រោយចាក់ចេញ ពីផ្ទះសម្បែង អស់រយៈពេលជាង១ខែមកនេះ ៕
