ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កិច្ចប្រជុំ JBC ផ្តោតសំខាន់ ការវាស់វែង-ខណ្ឌសីមា និងទាហានថៃ កំពុងរំលោភបំពានកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានបញ្ជាក់បន្ថែមចំពោះគម្រោង នៃកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC)រវាងកម្ពុជា-ថៃ គឺផ្តោតការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាយោធាថៃ កំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែសំណើរនេះ ត្រូវបានភាគីថៃ សុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង ។ បន្តមកទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានដាក់សំណើរជាលើកទី២ ទៅភាគីថៃតាមរយៈកំណត់ទូត ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេស គណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលក្នុងខេត្តសៀមរាប។

លោកបញ្ជាក់ថា “កិច្ចប្រជុំពិសេសនេះ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ អំពីការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហា ដែលយោធាថៃបាននិងកំពុងធ្វើ សកម្មភាពរំលោភបំពានបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិន ឱ្យប្រជាពលរដ្ឋកម្ពុជា វិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ” ។

អ្នកនាំពាក្យបន្ថែមថា ក្រៅពីនេះ ក្រុមការងារក៏បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ក្នុងភូមិសាស្ត្រ ឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោក ប៉ែន បូណា បានឲ្យដឹងទៀតថា កិច្ចប្រជុំក៏ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣៣-៣៧ (តំបន់បឹងត្រកួន) , តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) , តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) , តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត៕

To Top