សម្ដេចតេជោ ចង់ឃើញកម្ពុជា-អារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគរីកចម្រើន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនបន្ថែមទៀត ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ថា ទូតសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើនក្នុងតំបន់អាស៊ាន។ ដោយលោក បានរំលេចអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញទៅមក របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។ លោកបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា ក្នុងឆ្នាំ២០២៦ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត ។
ចំពោះសំណើរបស់ទូតអារ៉ាប់ប៊ីសាអូឌីត សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ រវាងប្រទេសទាំងពីរមានភាពរីកចម្រើន។
អ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា “សម្ដេចតេជោក៏បានស្វាគមន៍ ចំពោះប្រតិភូនៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងមកបំពេញ ទស្សនកិច្ចនិងស្វែងរកឱកាស វិនិយោគនៅកម្ពុជា ។ សម្ដេចតេជោបានបន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមក នាពេលកន្លងទៅនេះ គឺជាផ្នែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែមានការរីកចម្រើន”។

ទន្ទឹមនឹងនេះដែរ សម្ដេចប្រធានព្រឹទ្ធសភា រំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន៕
