លោក ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយ ទូតប្រេស៊ីល ដើម្បីពង្រឹងកិច្ចប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាយ៉ាងផុសផុលលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យឆ្លើយតបទៅនឹងសក្តានុពលជាក់ស្តែងនៃប្រទេសទាំងពីរ។
វិស័យជាអាទិភាព ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖ (១) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើន ការនាំចេញ-នាំចូលកសិផល និងការចែករំលែកបច្ចេកទេសដាំដុះ, (២) ឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញ វិនិយោគិនប្រេស៊ីលដែលមានបទពិសោធន៍ខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ, និង (៣) ឧស្សាហកម្មគ្រឿងអគ្គិសនី និងអេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាង ខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត បានជជែកអំពីការរៀបចំដំណើរ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅក្នុងប្រទេសប្រេស៊ីលផងដែរ ។ បេសកកម្មនេះ រំពឹងថា នឹងក្លាយជាវេទិកាគោះទ្វារ វិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយ អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី, ការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ, និង ការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំនួបនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដែលជាសញ្ញាវិជ្ជមានថ្មីមួយទៀតក្នុងការបោះជំហានទៅមុខរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-ប្រេស៊ីល ឱ្យកាន់តែរឹងមាំមួយកម្រិតទៀត៕
