កម្ពុជាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាព រំលោភបំពាន របស់កងកម្លាំង ប្រដាប់អាវុធថៃ មកលើទឹកដី និងអធិតេយ្យ របស់កម្ពុជា ក្នុងខេត្តចំនួនបួន
ភ្នំពេញ ៖ នៅចំពោះមុខទូត និងអង្គការអន្តរជាតិ ជាង៣០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានសម្តែង នូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពាន របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។

ក្នុងបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការ អន្តរជាតិនានា ក្នុងរាជធានីភ្នំពេញចំនួន៣៣ ស្ថានតំណាង និងមានចំនួនសរុប៥៥ រូប នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប្រាក់ សុខ បានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគីកម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់ នូវរាល់កិច្ចព្រមព្រៀង ដែលមានស្រាប់ រវាងប្រទេសទាំងពីរ៕


