ព័ត៌មានជាតិ

ប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ជំរុញការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាប់ល្បែងស៊ី សងគ្រប់ប្រភេទ ឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យកាន់តែល្អប្រសើរ ថែមទៀត។

ការណែនាំរបស់ប្រធានគណ​ៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមាន សមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងទៀតថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងារ របស់ខ្លួនបានល្អប្រសើរហើយ តែមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរឹតបណ្តឹងជាប់ជាប្រចាំ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូចនិងទ្រុងទ្រាយធំ។ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បន្ថែមលើនេះ លោកអភិបាលរាជធានី បានបន្ថែមទៀតថា ឥឡូវនេះ ផ្លូវថ្មើជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេង សំរាប់រាជធានីភ្នំពេញទៅតាមការចង្អុល ណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ ការទទួលបានភាព ជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែង របស់កងកម្លាំង និងអាជ្ញាធររបស់យើងទាំងអស់គ្នា ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ ។ ផ្លូវថ្មើជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម២០ប្រទេសលើពីភពលោក។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុកស្មាញ របស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះ ដើម្បីឆបោកជនរងគ្រោះ ដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា ​និងបានបញ្ជាក់ថា ពាក់ព័ន្ធនិង (ONLINE SCAMS)នេះ កម្លាំងមានសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍ បង្រ្កាបជាប្រចាំ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top