ទីម័រឡេស្តេ ទទួលស្គាល់តួនាទីដ៏សំខាន់ របស់សម្តេច តេជោ ជួយឱ្យខ្លួនក្លាយ ជាសមាជិកអាស៊ានទី១១
ភ្នំពេញ ៖ ទីម័រឡេស្តេបានទទួលស្គាល់តួនាទីដ៏សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងដំណើរ ការជួយជ្រោមជ្រែងឱ្យទីម័រ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ។
ក្រោយការជួយជ្រោមជ្រែងនិងខ្នះខ្នែង របស់សម្តេចតេជោ ទីម័រឡេស្តេ បានក្លាយជាសមាជិក ពេញសិទ្ធិ របស់អាស៊ាន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

យោងតាមលិខិតរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើថ្លែងអំណរគុណសម្តេចតេជោ ក្នុងឱកាសទីម័រឡេស្តេ ក្លាយជាសមាជិកទី១១របស់អាស៊ាន បានឱ្យដឹងថា សម្តេចបាននាំឱ្យមានការទទួលស្គាល់ និងការទទួលយកជាគោលការណ៍ នូវសមាជិកភាពរបស់ទីម័រឡេស្តេ ក្នុងអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ ដែលបានប្រព្រឹត្តឡើងនៅកម្ពុជា ។
លោកបន្តថា ការចូលជាសមាជិកអាស៊ានពេញលេញ បង្ហាញពីបំណងប្រាថ្នាដ៏យូរអង្វែងរបស់ទីម័រឡេស្តេដែលសម្រេចបាន តាមរយៈកិច្ចខិតខំប្រឹងប្រែង ការសន្ទនា ប្រកបដោយលក្ខណៈស្ថាបនា សាមគ្គីភាពជាដៃគូ និងភាពជាមិត្តក្នុងតំបន់ ដែលកម្ពុជា ទទួលបានការកោតសរសើរជាពិសេស ។ ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សបញ្ជាក់ពីភាព ជាអ្នកដឹកនាំប្រកប ដោយចក្ខុវិស័យដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងមាគ៌ាដែលទីម័រ ទទួលបាននៅពេលនេះ ។
លោក ចូហ្សេ រ៉ាមូស សង្កត់ធ្ងន់ថា សម្តេចតេជោនិងរូបលោកផ្ទាល់ បានចែករំលែកយ៉ាងពេញលេញនូវចក្ខុវិស័យអាស៊ាន ដែលមានភាពស្អិតរមួត សន្តិភាព និងភាពធន់ ដោយតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជន។ ទីម័រឡេស្តេ ប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកដ៏សកម្ម និងការខុសត្រូវចំពោះការពង្រឹងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិបុលភាពរួមគ្នា ។
ប្រធានាធិបតីទីម័រឡេស្តេ ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីម័រឡេស្តេ និងកម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ ដោយពង្រឹងនូវសមាជិកភាពរួមគ្នាក្នុងគ្រួសារអាស៊ាន ។ ដោយស្មារតីនៃការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងភាពជឿ ជាក់លើ ដំណោះស្រាយជម្លោះដោយសន្តិវិធី លោកបញ្ជាក់ជាថ្មី នូវការត្រៀម ខ្លួនរួចជាស្រេច របស់ទីម័រឡេស្តេ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាន នូវគោលដៅរួមរបស់អាស៊ាន ៕
