ជនជាតិវៀតណាម ៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាមសរុប ៣០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិ វៀតណាមសរុបចំនួន ៣០នាក់ (ស្រី៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន, ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ (online scam) គ្មានលិខិតឆ្លងដែន, ករណីហិង្សាដោយចេតនា បង្ខាំងដោយ ខុសច្បាប់ និងជនបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន និងករណីប៉ុនប៉ងជួញដូរប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ២៤នាក់ (ស្រី៥នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៤នាក់ (ស្រី១នាក់) និងទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន ២នាក់ ៕
