សម្តេចតេជោ ៖ កម្ពុជា មិនអាចបំភ្លេចបានឡើយ មហាសោកនាដកម្ម ក្នុងរបបខ្មែរក្រហម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍រំលឹកឡើងវិញថា កម្ពុជា ពិតជាមិនអាចបំភ្លេចបានឡើយ នូវមហាសោកនាដកម្ម របស់ប្រជាជនដែលបង្កឡើង ដោយបនប្រល័យ ពូជសាសន៍ប៉ុល ពតដែលបានចូលមកកាន់អំណាចចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ។
ក្នុងឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា សម្តេចតេជោមានប្រសាសន៍ថា នៅក្រោមរបបជ័យង់ឃ្នងនេះ ប្រជាជនកម្ពុជាត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិសេរីភាពរបស់ខ្លួន ត្រូវបង្ខំឱ្យធ្វើការដូចសត្វធាតុ ត្រូវទទួលរងទារុណកម្ម និងការកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ។ ជាមួយគ្នានេះ រចនាសម្ព័ន្ធសង្គមជាតិ ត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់ ដែលបានរុញច្រានឱ្យប្រជាជាតិ ទាំងមូលឈានដល់មាត់រណ្តៅ នៃការរលាយសូន្យ។
សម្តេចតេជោមានប្រសាសន៍បន្តថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជន ធ្វើការតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ លើមូលដ្ឋាននៃជ័យជម្នះនេះ សាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ត្រូវបានបង្កើតឡើងដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនពិតប្រាកដ ។ ឆ្លងតាមព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ កម្ពុជាចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា និងការជួយឧបត្ថម្ភដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការវាយរំលំរបបជ័យង់ឃ្នងនេះ។
សម្តេចតេជោបន្តរៀបរាប់បន្ថែមថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាក រាប់ម៉ឺនសែនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗ ពីគំនរផេះផង់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍៕
