ព័ត៌មានជាតិ

សម្តេចតេជោ ៖ ក្រោមការដឹកនាំ របស់សម្តេចធិបតី សម្រេចសមិទ្ធផល ជាច្រើនលើគ្រប់វិស័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុងការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ។

ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើន លើគ្រប់វិស័យក្នុង ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ។

សម្តេចតេជោបន្តថា ឈានចូលឆ្នាំ២០២៦ ដែលជាឆ្នាំទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារប្រជាជន និងបូរណភាពទឹកដី ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទន្ទឹមនឹងការសម្រេច បានជោគជ័យនានា ប្រទេសជាតិនៅតែត្រូវប្រឈម នឹងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ ភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល និងការចុះខ្សោយ នៃសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ ដែលបាននិងកំពុងជះឥទ្ធិពល មកលើដំណើរវិវឌ្ឍន៍របស់ជាតិ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន និងមានសន្តិភាពយ៉ាងពេញលេញ ៕

To Top