ជំហរម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល និង សកម្មភាពការទូត សម្រេចបានលទ្ធផល ជាបន្តបន្ទាប់
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ជំហរច្បាស់លាស់ ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្នែកការទូតរបស់ថ្នាក់ដឹកនាំដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ លើការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៧ មករា លោក ប៉ែន បូណា លើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្ត យ៉ាងពេញលេញ ក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់ នូវរាល់កិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ។
លោកបន្តថា “សរុបមកវិញ ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា និងភាពសកម្មផ្នែកការទូតរបស់ថ្នាក់ដឹកនាំ ដែលសម្រេចបានលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ ដូចបានលើកឡើងខាងដើម សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តូរផ្តាច់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយគ្មានការសម្បទានណាមួយឡើយ” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា មធ្យោបាយការពារបូរណភាពទឹកដី គឺត្រូវប្រើប្រាស់ដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាផ្នែកការទូត ដោយផ្អែកលើយន្តការទ្វេភាគី ដែលមានស្រាប់ និងអនុលោមទៅតាមសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ពិតជាធ្វើឱ្យជនរួមជាតិមានភាពកក់ក្តៅ ក្នុងចិត្តយ៉ាងខ្លាំង និងជឿជាក់លើថ្នាក់ដឹកនាំ ក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈម ។
លោកប៉ែន បូណា អះអាងថា ទន្ទឹមនឹងទំនុកចិត្តលើរាជរដ្ឋាភិបាល ជនរួមជាតិខ្មែរគ្រប់ទិសទី បានរួមសាមគ្គីគ្នាជាធ្លុងមួយធ្វើជាខឿនការពារជាតិ របស់ប្រជាជនយ៉ាងរឹងមាំ នៅពីក្រោយរាជរដ្ឋាភិបាល ដើម្បីបង្កើតជាកម្លាំង ជំរុញដ៏ខ្លាំងក្លា ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ក្នុងដែនអធិបតេយ្យស្របច្បាប់ របស់ខ្លួនឱ្យទាល់តែបានជាដាច់ខាត ៕
