ការតវ៉ា របស់បងប្អូនកម្មករ រោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់ សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ក្រសួងការងារ
ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួល ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា ៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករ ត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញ ជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ជាធម្មតាឡើងវិញ»។

ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នា ស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺ ដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំ ដែលធ្វើឡើងទៅតាមវេន ដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួន នឹងគ្នាជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុម អន្តរាគមន៍ក្រសួង និង មន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួល ដោះស្រាយ ករណីនេះដោយមានការ ចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ ។

ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួង ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕


