៣ទសវត្សរ៍ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ បានជំរុញល្បឿនអភិវឌ្ឍន៍គ្រប់វិស័យ
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំឡើង។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្នុងដំណាក់កាលកម្ពុជាមានសន្តិភាពពេញលេញ រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពដើម្បីជំរុញល្បឿនការ អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការពឹងលើកម្លាំងខ្លួនឯងឱ្យកាន់តែរឹងមាំឡើងជាលំដាប់។

លោកបញ្ជាក់ថា “លទ្ធភាពដែលរាជរដ្ឋាភិបាលកម្ពុជាមានដោយខ្លួនឯង រួមជាមួយនឹងជំនួយពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់សប្បុរសជន និងមហាជនខ្មែរគ្រប់ទិសទី បានប្រមូលផ្តុំគ្នាជាកម្លាំងកាន់តែខ្លាំងដែលនឹងធ្វើឱ្យការស្តារជីវភាពរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ក៏ដូចជាស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតទាំងឡាយប្រព្រឹត្តទៅបានឆាប់រហ័សក្រោមកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំដែលមានក្រសួង ស្ថាប័ននានាជាសនាធិការ” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ខណៈដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជា
