ព័ត៌មានជាតិ

ទឹកដោះម្ដាយថ្លៃ ! អនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ដែលបាត់ដំណឹង ក្នុងអំឡុងពេលសង្រ្គាមថៃ ឈ្លានពាន ពេលនេះ បានមកដល់មាតុប្រទេសវិញហើយ

ភ្នំពេញ ៖ លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហារថៃ ចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកដល់ កម្ពុជាវិញ ហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា ​ក្រុមគ្រួសារបានគិតថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានពលីហើយ ព្រមទាំងធ្វើបុណ្យ តាមប្រពៃណីរួចហើយផងដែរ ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក គៀត ស៊ីម៉ាក់​ បានមកដល់ទឹកដីកម្ពុជា វិញ​ ក្រោយពីបាត់ដំណឹងរយៈពេលជាង១ខែកន្លងមក ។

លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ មានទីកន្លែងកំណើតនៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន៕

To Top