ព័ត៌មានជាតិ

សម្តេចតេជោ ៖ ការដំណើរទស្សនកិច្ច កម្ពុជា-ឥណ្ឌូណេស៊ីរបស់ថ្នាក់ដឹកនាំទៅវិញទៅមក ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់របស់ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូណេស៊ី ទៅវិញទៅមក បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួប រវាងសម្តេចតេជោ និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ថា អគ្គរដ្ឋទូតបានលើកឡើង ពីរៀបចំដំណើរទស្សនកិច្ច របស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ប្រាបូវ៉ូ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យរីកចម្រើន ហើយលោកក៏បានរៀបចំដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ឥណ្ឌូនេស៊ីដូចគ្នាដែរ ។ ទាំងអស់នេះ លោកបញ្ជាក់ថា ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ។

អ្នកនាំពាក្យបញ្ជាក់ថា “សម្ដេចតេជោ ហ៊ុន សែន អរគុណជាពន្លឹក ចំពោះការរៀបចំ នូវដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភាកន្លងទៅ ប្រកបដោយជោគជ័យ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី ស្វាគមន៍សម្តេចយ៉ាងកក់ក្តៅ ។ ដោយសម្ដេចតេជោវាយតម្លៃខ្ពស់ចំពោះការរៀបចំនោះ និងបង្ហាញនូវការពេញចិត្តបន្ថែម ចំពោះការលើកឡើង របស់ឯកឧត្ដមអគ្គរដ្ឋទូតអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ” ។

លោក ជា ធីរិទ្ធ បន្ថែមថា សម្ដេចតេជោ បានលើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមក ក្នុងការចូលរួមចំណែក ជាពិសេស តាំងពីសម័យ ព្រះបរមរតនកោដ្ឋ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាព របស់កម្ពុជា ដោយឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យមាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានកម្ពុជា ឱ្យឈានទៅរកដំណើរការនៃសន្តិភាព ដែលទាំងអស់នេះ គឺជាផ្លែផ្កាដែលបានកើតឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

To Top