កម្ពុជា-ឡាវ ឯកភាពជំរុញ កិច្ចសហប្រតិបត្តិការ ដឹកជញ្ជូនផលិតផលកសិកម្ម ពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ខណៈកម្ពុជា-ឡាវ បានឯកភាពគ្នា លើកិច្ចសហប្រតិបត្តិការ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ក្នុងរយៈពេល៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ឡាវ, កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការវិវត្តរីកចម្រើនឥតឈប់ឈរ ហើយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវនៅកម្ពុជានាពេលនេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ផងដែរ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូន សម្ដេចបវរធិបតី ថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ មកកាន់កម្ពុជា នាឱកាសនេះ មានគោលបំណងសំខាន់ចំនួន ២ រួមមាន៖ (១) ការពិភាក្សាទៅលើការអនុវត្តនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក សំដៅជំរុញការបង្កបង្កើនផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ, និង ការអភិរក្សព្រៃឈើ និង (២) ការពិភាក្សាលើការជំរុញ កិច្ចសហប្រតិបត្តិការ នៅក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣។

លោក រដ្ឋមន្រ្តី ក៏បានជម្រាបជូន សម្តេចបវរធិបតី ថា ក្រសួងកសិកម្ម និងបរិស្ថានឡាវ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ទៅកាន់ប្រទេសទី៣ ហើយ លោក រដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្ត ជំរុញកិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាផ្លែផ្កា និងឱ្យបានឆាប់រហ័ស។ បន្ថែមពីនេះ, លោក រដ្ឋមន្ត្រីក៏បានប្ដេជ្ញា នៅក្នុងការជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងបរិស្ថានឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ជាមួយសមភាគីកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ អំពីខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងបានសម្ដែង នូវការពេញចិត្ត និងសេចក្ដីរីករាយ ដែលបានឃើញនូវភាពរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងការធានានូវសន្តិសុខស្បៀង។
ជាមួយនឹងកត្តាទីតាំងភូមិសាស្ត្រ និង ភាពស្រដៀងគ្នារវាងកម្ពុជា-ឡាវ, សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់ និងសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចសហការ ជាមួយគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឱ្យស្របទៅនឹងការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យផ្សេងៗ ដូចជា វិស័យសន្តិសុខនិង ការពារជាតិ, ថាមពល, និងពាណិជ្ជកម្ម ជាដើម។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងកសិកម្ម នៃប្រទេសទាំងពីរពន្លឿន នូវនីតិវិធីនៅក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូន ផលិតផលកសិកម្មពីកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ហើយ សម្ដេចបវរធិបតីជឿជាក់ថាកិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕
