ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក ១.៣០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ១១៣.៩៧៦នាក់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៥ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។
ក្រសួង គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក១.៣០១នាក់បន្ថែមទៀត បានបន្តវិល ត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង ៥សែន៣ម៉ឺននាក់ ឬ ស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅ ជំរំមានចំនួន១១៣.៩៧៦នាក់ ក្នុង នោះស្ត្រីមាន៥៩.៦៨៨នាក់ និងកុមារ៣៧.២៨៨នាក់»។
ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដានសភាពការណ៍វិវត្តន៍នៅ សមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ និងបូរណភាព ទឹកដីស្របច្បាប់។
ជាមួយគ្នានេះ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ក្រសួង បានកំពុងបន្តតាមដាន និងគាំទ្រដល់ការរៀបចំ បើកដំណើរការឡើងវិញ នូវការផ្តល់សេវា សាធារណៈនានានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចជា សាលាក្រុង ស្រុក ឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព៕
