ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ

ភ្នំពេញ ៖ ដោយឃើញ ប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់ អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងការចូលរួមជាសមាជិក ក្រុមប្រឹក្សាសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងតែប៉ុណ្ណោះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំ

ទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕

To Top