ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ នៅស្រុកកែវសីមា បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣៥ នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨០/៨១ លើផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

តាមរបាយការណ៍ពីអធិការដ្ឋាន នគរបាលស្រុកកែវសីមា បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាក អាល់ហ្វាត បើកបរពីកើតទៅលិច ខណៈម៉ូតូបើកបរពីលិចទៅកើត ។
អ្នកបើកបរ រថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ហើយបានគេចខ្លួនចេញពីកន្លែងកើតហេតុ បន្សល់ទុក រថយន្តម៉ាកអាល់ហ្វាត ពណ៌ទឹកមាស ពាក់ស្លាកលេខ កម្ពុជា BNG.BOSS នៅកន្លែងកើតហេតុ ។ ចំណែកអ្នករួមដំណើររថយន្ត បានឡើងរថយន្តផ្សេងបន្តដំណើរទៅមុខ ដោយមិនស្គាល់អត្តសញ្ញាណផងដែរ ។
ចំពោះអ្នករងគ្រោះខាងម៉ូតូ មានឈ្មោះ នី ធៀន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាអ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ (មានពាក់មួកសុវត្ថិភាព) បានរងរបួសធ្ងន់ ។ រីឯអ្នករួមដំណើរ ឈ្មោះ ឆាយ សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ៤ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ក៏បានរងរបួសធ្ងន់ដូចគ្នា និងមានពាក់មួកសុវត្ថិភាពផងដែរ ។
មូលហេតុនៃគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពី រថយន្តម៉ាកអាល់ហ្វាត បើកបរលឿន នៅចំណុចចុះចំណោទ ផ្លូវមានសភាពកោង និងមិនប្រកាន់ស្ដាំ បានបើកចូលកន្លងផ្លូវម៉ូតូ បុកម៉ូតូ ខណៈម៉ូតូបានព្យាយាមគេចកន្លុក និងជិះចំកណ្ដាលទ្រូងផ្លូវ ទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះឡើង។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នាក់ការចរាចរណ៍៥៩ ដើម្បីរង់ចាំចាត់ការតាមនីតិវិធីបន្ត៕ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top