ព័ត៌មានជាតិ

ព្រឹកនេះកម្មករ -កម្មការិនីរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន បានចូលធ្វើការជាធម្មតាវិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កម្មករនិយោជិតនៃរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ទាំងពីរទីតាំងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្នុងស្រុកបាទី ខេត្តតាកែវ បានចូលធ្វើការវិញហើយ បន្ទាប់ពីមន្ត្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយ បញ្ឈប់បាតុកម្ម របស់កម្មករនិយោជិតកាលពីម្សិលមិញ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកថ្លែងថា៖«នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន បានចូលបម្រើការងារជាធម្មតា វិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយករណីតវ៉ា របស់ពួកគាត់ចប់សព្វគ្រប់កាលពីម្សិលមិញ យ៉ាងលឿនរហ័ស និងមានប្រសិទ្ធភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ ដោះស្រាយយ៉ាងលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពដោយមិនព្រងើយកន្តើយនោះឡើយ។ បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខ Hotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន៕

To Top