ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា ថ្លែងអំណរគុណសហរដ្ឋអាមេ រិក បន្តយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា បានថ្លែងអំណរគុណ សហរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតី នៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ការថ្លែងអំណរគុណរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើឡើងនាឱកាសទទួលស្វាគមន៍ លោកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងឡើងទស្សនកិច្ច លើនាវាចម្បាំងអាមេរិក USS CINCINNATI (LCS 20) បានចូលសំចត នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក ដែលប្រព្រឹត្តទៅនៅ មូលដ្ឋានសមុទ្ររាម។

នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា «សូមថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលនៅតែបន្ត យកចិត្តទុកដាក់ ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតី នៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសជំរុញការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងគាំទ្រដល់ការពន្លឿនដំណើរការ JBC ក្នុងការវាស់វែង និងខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ» ៕

To Top