អាជ្ញាធរមីន វាយតម្លៃខ្ពស់ ចំពោះភាពដៃគូយូរអង្វែង របស់ NPA ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការប្តេជ្ញាចិត្តរួម ផ្នែកមនុស្សធម៌
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាព វិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្ស ប្រចាំកម្ពុជា(NPA)។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលនិងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រ ដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និង ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រ ដល់វិស័យសកម្មភាព មីនមនុស្សធម៌ អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋ ន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។

ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ លោកទេសរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម។

បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះអនុស្សរណៈ នៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខ ក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំ កម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រង ហានិភ័យដែលនៅសេសសល់ ដោយធានាថា សហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួល បច្ចេកទេស ដែលនឹងជួយគាំទ្រ ដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាព ទូទាំងវិស័យ ប្រកបដោយប្រសិទ្ធភាព។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា នៅពេលដែលកម្ពុជាឈានទៅមុខឆ្ពោះទៅរកអនាគតដែលគ្មានមីន កម្ពុជានឹងត្រូវផ្តោតកាន់តែខ្លាំងលើភាពជាម្ចាស់ ភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រង និងនិរន្តរភាព ដើម្បីជួយធានាផលប្រយោជន៍យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕
