លោក ហួត ហៃ ឱ្យមន្ទីរអប់រំរាជធានីភ្នំពេញ ទប់ស្កាត់ការប្រើប្រាស់ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលា
ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទប់ស្កាត់ការ ប្រើប្រាស់ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលា ។

ការណែនាំរបស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសតំណាងលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ អញ្ជើញក្នុងពិធីបិទសន្និបាតការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោក ហួត ហៃ បានគូសបញ្ជាក់ថា ការអប់រំ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថាឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យទៅលើការកសាងធនធាន មនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋាន នៃចំណេះដឹង កាត់បន្ថយភាពក្រី ក្ររបស់ប្រជាជន ឆ្ពោះទៅរកការកសាង សង្គមកម្ពុជាមួយសុខសន្តិភាព និងសម្បូរុងរឿង ។

លោក ហួត ហៃ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេស វិស័យអប់រំ ដែលជាវិស័យអាទិភាពដ៏សំខាន់ ដោយហេតុថាវិស័យអប់រំ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ។

បន្ថែមពីនេះ លោក ហួត ហៃ បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទប់ស្កាត់ការ ប្រើប្រាស់ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំងនៅតាមសាលា។ និងឱ្យចូលរួមចលនា “យើងរួមគ្នាដើម្បីជាតិ” ដែលផ្តួចផ្តើមគំនិតដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដោយបំផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីរួមចំណែកទ្រទ្រង់ ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជន ភៀសសឹក ដោយសារការឈ្លានពាន ពីប្រទេសថៃ។ បង្ករលក្ខណៈងាយស្រួលអនុញ្ញាតឱ្យសិស្សានុសិស្ស ភៀសសឹកគ្រប់កម្រិត ដែលមករស់នៅរាជធានីភ្នំពេញ អាចចុះឈ្មោះចូលរៀនបាន ។

យោងតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានលើកឡើងថា អង្គសន្និបាតបានដំណើរការ ពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗ ចំនួន៦ ទៅតាមអនុវិស័យទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សា និងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅប្រព័ន្ធ អនុវិស័យអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលយើង បានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយ ជូនមន្ត្រីគ្រប់គ្រងអប់រំ គ្រប់លំដាប់ថ្នាក់ដៃ គូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ និងសម្រេចជាវិធានការ៕ ដោយ៖ ដារាត់| ដើមអម្ពិល



