ក្រុមលេខាធិការ RBC រវាងកម្ពុជា-ថៃ ចាប់ផ្តើមកិច្ចប្រជុំ នៅច្រកអន្តរជាតិប៉ោយប៉ែត
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួននៅម៉ោង១៤ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូ ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ RBC កម្ពុជា និងគណៈប្រតិភូ ក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ RBC ថៃ។

លោកស្រីបន្តថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ ធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ នេះ ធ្វើឡើងផ្អែកតាមស្មារតី នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

គូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ៕






