សាស្រ្តាចារ្យ ឈាង រ៉ា ៖ ជំងឺឆ្លង មិនងាយនឹងធ្វើការ លុបបំបាត់នោះទេ
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺឆ្លង ដែលបានកើតឡើងជាសកល មិនងាយនឹងធ្វើការលុបបំបាត់ទាំងស្រុងនោះទេ ។
ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាលលើកទី៤៥ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងថា ជំងឺមិនឆ្លងពិតជាពិបាក ក្នុងការលុបបំបាត់ ព្រោះជំងឺឆ្លងបានកើតឡើងតាំងពីមុនប្រវត្តិសាស្ត្រមកម្ល៉េះ ហើយរហូតមកដល់សព្វថ្ងៃនេះ មិនទាន់បានលុបបំបាត់ទាំងស្រុងនោះទេ នៅទូទាំងពិភពលោក ដែលទាមទារឲ្យមាន ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។
រដ្ឋមន្រ្តីគូសបញ្ជាក់ថា “ជំងឺឆ្លងងាយឯណានឹងទៅលុបបំបាត់ ។ ក្រែងមានការលំបាកក្នុងការលុបបំបាត់ទាំងអស់ អាចមិនងាយនោះទេ ជាពិសេសលើសាកលលោក ប៉ុន្តែនៅកម្ពុជា ជាប្រទេសស្ថិតនៅតំបន់ត្រពិចក្តៅ សើម វ៉ិចទ័រនៃការចម្លងមេរោគច្រើនកើតមាន” ។
លោកថា ដូច្នេះការចម្លងមេរោគឆាប់កើតមានឡើងរហ័ស និងរីកដុះដាលផងដែរ ។
លោកឈាង រ៉ា សង្កត់ធ្ងន់ទៀតថា ជំងឺឆ្លងនេះ ងាយនឹងឆ្លងតាមរយៈការហោះហើរចេញ-ចូលក្នុងដែនដីរបស់ប្រទេសនីមួយៗតាមរយៈអ្នកធ្វើដំណើរ ប្រសិនបើប្រព័ន្ធការពារផ្នែកសុខាភិបាលមិនត្រូវបានការពាររឹងមាំ ។
ប៉ុន្តែទោះបីជាយ៉ាងណា លោកសាស្ត្រាចារ្យអះអាងថា ជំងឺឆ្លងផ្សេងទៀត ក៏អាចលុបបំបាត់បានដែរ ដូចជា ជំងឺគ្រុនស្វិតដៃជើងដែលកម្ពុជា បានដាក់ចេញយុទ្ធនាការលុបបំបាត់តាំងពីឆ្នាំ១៩៩០ ខណៈប្រទេសមួយចំនួនទៀត ក្នុងពិភពលោកទើបតែលុបបំបាត់បាននាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកក៏បានទទួលស្គាល់ថា ជំងឺឆ្លងខ្លះដូចជា ជំងឺអេសដ៍ និងរបេងជាដើម ក៏បានកាត់បន្ថយផងដែរ ។
ទោះបីជាសម្រេចលទ្ធផល កាត់បន្ថយបែបនេះក្តី ក្នុងនាមអ្នកនាំដឹកនាំវិស័យសុខាភិបាល លោករដ្ឋមន្រ្តី បានប្តេជ្ញាកៀរគរដៃគូ សហការទាំងជាតិ និងអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិង ទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំងឡើង ៕
