អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម ជូនដំណឹង ស្តីពី ការដកហូតត្រលប់មកវិញ ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1
ភ្នំពេញ ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយស សូមជម្រាបជូន ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វឹក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថាអាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុង ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ ប្រភេទ ដែលកំពុងចរាចរលើទីផ្សារក្នុងព្រះរាជាណាចក្រ កម្ពុជា រួមមាន ៖
១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp: 09/07/2027)
២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027)
៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម៖
ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំង រក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញ នូវផលិតផលទាំង ៣ប្រភេទខាងលើ

ចំពោះមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញ ផលិតផលទឹកដោះគោម្សៅទាំង ៣ ប្រភេទ ខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបាន ព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី ។

