ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការ UNESCO ប្ដេជ្ញាពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រ ដើម្បីកសាងកម្លាំងពលកម្មឱ្យមានជំនាញ និងផលិតភាពខ្ពស់ សម្រាប់សេដ្ឋកិច្ច នាពេលអនាគត

ភ្នំពេញ៖ នាទីស្តីការក្រសួង រសៀលថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក​ Flavio Bonetti តំណាងអង្គការយូណេស្កូ (UNESCO) ថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់ តែមានសក្តានុពល។

ក្នុងជំនួបនោះ លោក​ ហេង សួរ បានសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះការតែងតាំងរបស់ លោក​ Flavio Bonetti និងបានវាយតម្លៃខ្ពស់ ចំពោះជោគជ័យ នៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសការអនុវត្ត កម្មវិធីមុខរបរ និងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា (DEY) និងកម្មវិធី BEEP។

លោករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា កម្មវិធី DEY គឺជាយន្តការដ៏មានសារៈសំខាន់ ជួយបន្ថែមការគាំទ្រ ដល់យុទ្ធសាស្រ្ត បញ្ចកោណ និងយុទ្ធសាស្រ្ត អភិវឌ្ឍ វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាល វិជ្ជាជីវ: ដែលកំណត់គោលដៅ ច្បាស់លាស់ឱ្យយុវជន ត្រូវមានជំនាញច្បាស់លាស់ និងការយល់ដឹង ស៊ីជម្រៅពីបច្ចេកវិទ្យា។ ការបំពាក់ជំនាញពិតប្រាកដនេះ នឹងធ្វើឱ្យកម្លាំងពលកម្មកម្ពុជា អាចបំពេញការងារ ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលជាកត្តាគន្លឹះ ជួយឱ្យពួកគាត់ទទួលបានប្រាក់បៀវត្សខ្ពស់ជាងមុន និងលើកកម្ពស់កម្រិតជីវភាព ឱ្យកាន់តែប្រសើរ។

សម្រាប់ទិសដៅការងារបន្ត ភាគីទាំងពីរបានឯកភាពលើអាទិភាពយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ (១).ការផ្លាស់ប្ដូរឌីជីថលក្នុងប្រព័ន្ធ TVET នឹងបន្តបញ្ចូលជំនាញឌីជីថល និងបច្ចេកវិទ្យាបៃតងទៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ ឧស្សាហកម្ម ៤.០។ (២). បន្តគាំទ្រតាមរយៈកម្មវិធី BEEP នឹងបន្តពង្រឹងមជ្ឈមណ្ឌល សិក្សាបែបឌីជីថល ដើម្បីផ្តល់ឱកាសដល់យុវជនក្រៅសាលាឱ្យទទួលបានការអប់រំ និងជំនាញជាមូលដ្ឋាន។ (៣). ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) នឹងជួយជំរុញការផ្ដល់វិញ្ញាបនបត្រ ទទួលស្គាល់ជំនាញពីមុន ជូនដល់អតីតពលករខ្មែរ ដើម្បីធ្វើសមាហរណកម្ម ពួកគាត់ទៅក្នុងទីផ្សារការងារ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

ជាការឆ្លើយតប លោក​ Flavio Bonetti បានកោតសរសើរ ចំពោះចក្ខុវិស័យ របស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ UNESCO ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីកសាងកម្លាំងពលកម្ម ដែលមានបរិយាបន្ន និង ត្រៀមខ្លួនរួចជាស្រេច សម្រាប់សេដ្ឋកិច្ចឌីជីថល ។ លោកជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំនេះនឹងចូលរួម ចំណែកយ៉ាងសំខាន់ដល់ការសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា នាពេលអនាគត៕

To Top