លោក នេត សាវឿន ៖ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ការពារសុខភាពពលរដ្ឋ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីក្រោម របស់ក្រសួងដែលបានខិតខំប្រឹងប្រែង ការពារសុខភាពប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈទាំងអស់ ។

ក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានកោតសរសើរថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត មន្រ្តីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិក នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ព្រមទាំងមន្រ្តី បុគ្គលិកជំនាញសុខភាព សាធារណៈដែលបានយកចិត្តទុកដាក់ខិតខំ បំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាពិសេសការពារសុខភាព និងបម្រើសេវាថែទាំ ព្យាបាល ជូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅក្នុងកាលៈទេសៈ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ។

ជាមួយនឹងការកោតសរសើរ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានបន្តជំរុញក្រសួងធ្វើយ៉ាងណាសម្រេចវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅ គ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់សមធម៌ ដោយត្រូវបន្តពង្រឹង ការផ្តល់សេវាថែទាំសុខភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការគាំពារសុខភាពសង្គម ។ ក្នុងនោះ ត្រូវបន្តពង្រឹងសេវាថែទាំសុខភាព និងសេវាសង្គមឱ្យប្រកបដោយនវានុវត្តន៍ ដោយផ្អែកលើបច្ចេកវិទ្យាថ្មីៗ ក្នុងការកែលម្អគុណភាពសេវា និងការចូលរួមសហគមន៍ ។

ចំពោះការពង្រឹងការថែទាំសុខភាពបឋមវិញ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តជំរុញតួនាទីមន្ទីរពេទ្យបង្អែក ក្នុងការពង្រឹងសេវាថែទាំសុខភាព បឋម ជាពិសេសការអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺដោយបញ្ជ្រាប ការថែទាំសុខភាពបឋមទៅក្នុងការផ្តល់សេវានៅមន្ទីរពេទ្យ និងផ្តល់ការគាំទ្របច្ចេកទេស ដល់មណ្ឌលសុខភាព។

ក្រៅពីនេះ ឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តមផ្ទាល់ជាអ្នកដឹកនាំនោះ ត្រូវអនុវត្ត និងបន្តអនុវត្តបទបញ្ជា ០១ និង ០២ ប.ប លើអ្នកញៀនគ្រឿងញៀន ដែលជាវិធានការមានសារៈសំខាន់ក្នុងការការពារសុខុមាលភាពសាធារណៈ និងការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសង្គម ដើម្បីធានាថា ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព ៕






